សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាំយកស្បៀងអាហារ និងថវិកា ប្រគល់ជូនរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីគាំទ្រសមរភូមិជួរមុខ និងជួយជនភៀសសឹក !

0

ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញនាំយកស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកា ប្រគល់ជូនដល់រដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីចូលរួមចំណែកគាំទ្រ និងលើកទឹកចិត្តដល់កងកម្លាំងនៅសមរភូមិជួរមុខ ព្រមទាំងជួយសម្រួលការលំបាករបស់បងប្អូនជនភៀសសឹក ដែលកំពុងប្រឈមនឹងស្ថានភាពលំបាក នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។
អំណោយដ៏មានអត្ថន័យ ដែលសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រគល់ជូនរដ្ឋបាលខេត្តស្ទឹងត្រែងនាពេលនោះ រួមមាន៖ អង្ករ ២តោន អំបុក ១០០គីឡូក្រាម អំបុកជាមួយសាច់គោងៀត ៥០០កញ្ចប់ មីរូបខ្លាឃ្មុំ ១០០កេស នំទាហាន ៥កេស ទឹកផ្លែឈើ ១០០កេស ទឹកបរិសុទ្ធ ១០០កេស ភេសជ្ជៈឆាមពាន ១០០កេស ម៉ាស់ការពារផ្សែងពុល ២០០ម៉ាស វ៉ែនតាការពារផ្សែងពុល ១០០គូ គ្រាប់ជីស្ងួត ៥០០ដប អាវ ២០កេស ខ្ទឹមស ១០០គីឡូក្រាម ឆៃប៉ូវ ២០០គីឡូក្រាម កាហ្វេ ២កេសធំ ព្រមទាំងថវិកា ១០លានរៀល ដើម្បីប្រើប្រាស់តាមតម្រូវការចាំបាច់ជាក់ស្តែង។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ការនាំយកអំណោយមកប្រគល់ជូននៅពេលនេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព មនុស្សធម៌ និងការចូលរួមទទួលខុសត្រូវរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងការគាំទ្រដល់កងកម្លាំងការពារជាតិ និងការយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
ស្របពេលជាមួយគ្នានោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកទឹកចិត្តឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់ចែង និងចែកចាយអំណោយឲ្យដល់ដៃអ្នកដែលត្រូវការជាក់ស្តែងផងដែរ។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា តំណាងឲ្យរដ្ឋបាលខេត្ត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ នាំយកស្បៀងអាហារ សម្ភារៈ និងថវិកា មកជួយដល់ខេត្តស្ទឹងត្រែង ក្នុងគ្រាលំបាកនេះ។ លោកអភិបាលខេត្ត បានបញ្ជាក់ថា អំណោយទាំងនេះ នឹងត្រូវបានប្រើប្រាស់ និងចែកចាយ ដើម្បីគាំទ្រដល់សមរភូមិជួរមុខ និងជួយសម្រួលជីវភាពរស់នៅរបស់ជនភៀសសឹកឲ្យបានល្អប្រសើរជាងមុន។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងប្រតិភូអមដំណើរ សូមប្រកបបាននូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ សូមឲ្យស្ថិតស្ថេរជានិច្ច កុំបីឃ្លាតឃ្លៀងឡើយ៕