សៀមរាប: បង្ហាញពីការពិត និងការឈឺចាប់នៃសង្គ្រាម ដែលកំពុងកើតមានឡើងដោយការឈ្លានពានរបស់យោធាថៃមកលើដែនអធិបេតយ្យកម្ពុជានៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានបើកបង្ហាញជាផ្លូវការនូវស្នាដៃកូនខ្មែរ ក្រោមប្រធានបទ “សិល្បៈដើម្បីសន្តិភាព” ដើម្បីបង្ហាញពីការពិត ការឈឺចាប់នៃសង្គ្រាម
ក្នុងគោលបំណងផ្តល់សំឡេងដល់ជនស៊ីវិលការគោរពបេតិកភណ្ឌ និងអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យចាត់វិធានការចំពោះចោរឈ្លានពានថៃ។ ការគូរគំនូរមួយផ្ទាំងនេះ បានរៀបចំនៅសួនច្បារព្រះអង្គចេកព្រះអង្គចម ដោយមានលោក តាន់ គឹមសួរ ប្រធានគម្រោងតំណាងឲ្យវិចិត្រករ លោកស្រី មាស ច័ន្ទដាលីន អគ្គនាយិកាក្រុមហ៊ុន Lakamo សិល្បករ សិស្ស និស្សិត អាជីវករ ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ពិសេសមានវិចិត្រករជាង ៧០នាក់ មកពីខេត្តផ្សេងៗគ្នា បានសហការរៀបចំ ដើម្បីបង្កើតស្នាដៃសិល្បៈនេះឡើង ក្នុងទំហំ ៥ម៉ែត្រ គុណនឹង៣០ម៉ែត្ររួមគ្នា រយៈពេល៥ថ្ងៃ ដោយចាប់ផ្តើមកាលពីថ្ងៃទី១៩ រហូតមកដល់ថ្ងៃទី២៤ ខែធ្នូនេះ ។ សិល្បៈគំនូរនេះ បានបង្ហាញគ្រប់សកម្មភាពទាំងអស់នៃភាពឈឺចាប់ ស្នាមរបួស ទុក្ខវេទនា ដែលបណ្តាលមកពីសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា មានដូចជា ស្ត្រីខ្មែរលត់ជង្គង់ អោបរូបថតពលទាហានជាស្វាមី ដែលបានពលីជីវិតដោយការវាយប្រហារយ៉ាងយ៉ង់ខ្នងរបស់ថៃ ទឹកភ្នែកហូរតាមវិញ្ញាណក្ខន្ធរបស់ប្តីដែលបានពលី សិស្សានុសិស្សកំពុងរត់ មិនមែនរត់ប្រឡែងគ្នាទេ តែពួកគេរត់គេចពីគ្រាប់ ផ្លោងរបស់យោធាថៃ កុមារីម្នាក់លើកដៃសំពះសួររកឪពុក កែវភ្នែករន្ធត់ពេញដោយការទុក្ខព្រួយ ដែលកុមារកម្ពុជាមិនគួរជួបប្រទះទេ នៅក្នុងសម័យទំនើបយើងនេះ។ ផ្ទាំងគំនូរទាំងអស់ ដែលជាស្នាដៃរបស់កូនខ្មែរ បានបង្ហាញពីការឈឺចាប់ឥតឧបមារបស់កម្ពុជា ដែលនឹងដាក់បង្ហាញរហូតដល់សង្គ្រាមត្រូវបានបញ្ចប់ នៅពីក្រោយគំនូរបានបង្ហាញឱ្យពិភពលោក ទាមទារនូវសន្តិភាព។ជាមួយការទស្សនាផ្ទាំគំនូរនេះ ប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេស ក៏អាចដាក់កម្រងផ្កា ដុតធូប គោរពវិញ្ញាណក្ខន្ធទាហានដែលបានពលីជីវិត នៅក្នុងសមរភូមិផងដែរ ។
លោក ង៉ូវ សេង កាក់ អភិបាលរងខេត្តសៀមរាបបានថ្លែងថា មកដល់ពេលនេះ មានជនភៀសសឹកមកពីបណ្តាខេត្តព្រះវិហារ បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ បាននិងកំពុងស្នាក់ នៅក្នុងមណ្ឌល
សុវត្ថិភាពមានចំនួនជាង១៥ម៉ឺននាក់។ ទន្ទឹមនឹងការមកស្នាក់នៅតាមមណ្ឌល សុវត្ថិភាពក្នុងខេត្តសៀមរាបអាជ្ញាធរខេត្តបានយកចិត្តទុកទំនុកបំរ៉ុងចែកជូននូវសម្ភារៈបរិក្ខារផ្សេងៗនិងគ្រឿងបរិភោគ ដែលទទួលបានពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីឲ្យពួកគាត់អាចដោះស្រាយ នូវការលំបាកផ្សេងៗ ក្នុងអំឡុងពេលនៃការស្នាក់នៅតាមមណ្ឌលសុវត្ថិភាព។ ទាំងនេះគឺជាគិតគូរខ្ពស់បំផុតពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចំពោះវីរៈកងទ័ពជួរមុខនិងជនភៀសសឹករបស់យើង។ លោកអភិបាលរងខេត្តសៀមរាប ង៉ូវ សេង កាក់ បានថ្លែងបន្តថា ក្នុងនាម ឯកឧត្តម ប្រាក់ សោភ័ណអភិបាលនៃគណៈអភិបាលខេត្ត និង ក្រុមប្រឹក្សាខេត្ត សូមថ្លែង អំណរគុណចំពោះលោក តាន់ គឹមស៊ួរ តំណាងប្រធានគម្រោង វិចិត្រករ សិល្បករ សិស្ស និស្សិត អាជីវករនិងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ដែលបានសហការរៀបចំកម្មវិធីនេះឡើង ដើម្បីបង្ហាញអំពីភាពឈឺចាប់របស់ប្រជាជនខ្មែរនៅទូទាំងប្រទេសដែលត្រូវបានឈ្លានពាន ពីសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយតាមរយៈ ការរៀបចំកម្មវិធីនេះឡើង នឹងបានជ្រួតជ្រាបដល់ ស្រទាប់យុវជនបានដឹងកាន់តែស៊ីជម្រៅអំពីអំពើពុតត្បុតរបស់ ចោរឈ្លានពានទឹកដីរបស់យើង៕






































