ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ និង លោកជំទាវ ទៀង អេង ទៀ សីហា ចុះសួរសុខទុក្ខ វីរកងទ័ព កំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យយោធភូមិភាគទី៤

0

សៀមរាប: លោកជំទាវ ទៀង អេង ទៀ សីហា តំណាងសម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និង ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប នាំយកអំណោយរបស់សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង សួរសុខទុក្ខវីរៈកងទ័ពរងរបួសនិងពុលផ្សែងក្នុងសមរភូមិចំនួន១៣៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធភូមិ ៤
ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ និង លោកជំទាវ ទៀង អេង ទៀ សីហា ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានសម្រាប់ជាតិ របស់វីរៈយុទ្ធជន ក្នុងកិច្ចការបំពេញបេសកកម្មការពារជាតិ ការពារបូរណ ភាពទឹកដី ប្រឆាំងនឹងការឈ្លានពានរបស់សត្រូវនៅតាមព្រំដែនកម្ពុជា ថៃ ។ ក្នុងការចុះសួរសុខទុក្ខវីរៈយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួសនិងពុលផ្សែងក្នុងសមរភូមិ បានកំពុងព្យាបាលនៅមន្ទីរពេទ្យយោធភូមិភាគទី៤ ដើម្បីលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និង ផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់វីរៈយុទ្ធជនដ៏អង់អាចក្លាហានរបស់យើងនៅរសៀលថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ២០២៥ ។ ឯកឧត្តមអ្នកឧកញ៉ា និង លោកជំទាវ ក៏ពាំនាំការសួរសុខទុក្ខបងប្អូនវីរៈយុទ្ធជន ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ,សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់វីរៈយុទ្ធជន និង ក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ ដែលកំពុងជួបប្រទះនូវទុក្ខលំបាក ។ ក្នុងឱកាសចុះសួរសុខទុក្ខនេះ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ និង លោកជំទាវ ទៀង អេង ទៀ សីហា មានអារម្មណ៍ក្ដុកក្ដួល រំជួលចិត្តឥតឧបមា មានក្តីអាណិតអាសូរជាពន់ពេកដល់វីរៈយុទ្ធជនដែលបានពលី និង លះបង់កម្លាំងកាយចិត្ដ បំពេញការងារដោយបេះដូង និងឆន្ទៈខ្ពស់បំផុត ក្នុងការការពារបូរណភាពទឹកដី លះបង់ឈាមស្រស់ សាច់ស្រស់ បូជាជូនជាតិមាតុភូមិ ដោយក្តីមោទនភាពជាទីបំផុត។ ទន្ទឹមនឹងនេះ ឯកឧត្តមអ្នកឧកញ៉ា និង លោកជំទាវ ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែង ចំពោះភរិយា និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ដែលពិតជាមានការលះបង់ខ្ពស់បំផុត ឲ្យស្វាមី និង កូនៗរបស់ខ្លួនទៅសមរភូមិមុខ ដើម្បីបុព្វហេតុជាតិមាតុភូមិ ព្រមទាំងផ្តាំផ្ញើដល់វីរៈយុទ្ធជនដែលកំពុងសម្រាកព្យាបាលរបួសគ្រប់រូប ត្រូវត្រង់ត្រាប់ស្តាប់នូវ វេជ្ជបញ្ជារបស់គ្រូពេទ្យ និង ជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឲ្យឆាប់បានជាសះស្បើយ នឹងបានវិញទៅកាន់អង្គភាពវិញ ។
ជាមួយគ្នានោះឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ និង លោកជំទាវ ទៀង អេង ទៀ សីហា បានប្រគល់ជូនអំណោយ របស់សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់វីរៈយុទ្ធជន ក្នុងអំឡុងពេលសម្រាកព្យាបាលទាំង ១៣៣នាក់ ដោយម្នាក់ៗទទួលបាន អង្ករ២០គក្រ ,ទឹកបរិសុទ្ធ,១កេស,ភេសជ្ជៈវីកូឡា១កេស,ឃីតមួយកញ្ចប់និងថវិកា១០ម៉ឺនរៀល រួមនឹង ថវិកាឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា និង លោកជំទាវ ទៀង អេង ទៀ សីហា ១០ម៉ឺនរៀលផងដែរ ៕