កំពង់ចាម: អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៥នេះ បានអញ្ជើញនាំយកសម្ភារសិក្សា ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងសប្បុរសជន ចែកជូនដល់សិស្សានុសិស្សភៀសសឹក ចំនួន ២៨៩នាក់ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខណៈសិស្សភៀសសឹក ក្នុងខេត្តកំពង់ចាម ប្រមាណ ជាង២០០០នាក់ ក៏
ទទួលបានសម្ភារសិក្សា ដូចៗគ្នាដែរ ។
ថ្លែងក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ការដោះស្រាយបញ្ហាជម្លោះ ព្រំដែនកម្ពុជា-ថៃ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង គឺពឹងផ្អែកលើច្បាប់ប្រកបដោយសន្តិវិធី និង តាមរយៈការទូត ដើម្បីដោះស្រាយបញ្ចប់សង្គ្រាម បញ្ចៀសនូវការបាត់បង់អាយុជីវិត ការឈឺចាប់ និងការរងទុក្ខសោក របស់បងប្អូនប្រជាពលរដ្ឋ ពោលគឺយើងមិនអាចយកសង្គ្រាមទៅដោះស្រាយ បញ្ចប់សង្គ្រាមនោះទេ ។
លោកអភិបាលខេត្ត បានថ្លែងថា អ្នកបង្កផលលំបាកដល់ក្មួយៗ គឺជាកងទ័ពថៃដែលបើកការ ឈ្លានពាន អ្នករងគ្រោះពិតប្រាកដគឺកម្ពុជា ក្មួយៗត្រូវចងចាំហើយត្រូវប្រែក្លាយការឈឺចាប់នេះ ឱ្យទៅជាការខិតខំរៀនសូត្រ ក្រេបជញ្ជក់យកនូវចំណេះដឹង ដើម្បីអភិវឌ្ឍន៍ខ្លួន និងប្រទេសជាតិ យើងឱ្យខ្លាំង និងរឹងមាំទៅថ្ងៃអនាគតផងដែរ ។
ជាមួយគ្នានោះ លោកអ៊ុន ចាន់ដា ក៏បានអំពាវនាវសូមឱ្យបង្កើនជំនឿជឿជាក់ លើរាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការការពារដែនអធិបតេយ្យភាព និងការដោះស្រាយបញ្ហាជម្លោះ ព្រំដែនដោយសន្តិវិធី ដើម្បីបញ្ចៀសសង្គ្រាមបង្ហូរឈាម និងដើម្បីនាំយកសន្តិភាព និងភាពប្រក្រតី ត្រឡប់មកវិញ ហើយបងប្អូនជនភៀសសឹកនឹងបានវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញដោយ សុវត្ថិភាព។
គួរបញ្ជាក់ថា សម្ភារសិក្សាដែលត្រូវផ្តល់ជូនសិស្សានុសិស្ស រួមមាន កាតាប សៀវភៅ និងប៊ិច ក្នុង នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ចែកជូនសិស្ស ចំនួន ២៨៩នាក់ វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង និងអភិបាលរងខេត្ត ៧រូបទៀត ក៏បានចែកជូនដល់សិស្សានុសិស្សភៀសសឹក នៅ សាលារៀនផ្សេងៗផងដែរ ៕






































