ឧត្តរមានជ័យ៖ ក្រោយមានបទឈប់បាញ់ជាថ្មីរវាងកម្ពុជា-ថៃ កាលពីម៉ោង១២ថ្ងៃត្រង់ទី២៧ ខែធ្នូមក គឺមានប្រជាពលរដ្ឋភៀសសឹកជាហូរហែបានត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួន ខណ:ពលរដ្ឋនៅតំបន់ក្រហមអាជ្ញាធរមិនទាន់អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញឡើយ។ បើតាមលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បច្ចុប្បន្នពលរដ្ឋភៀសសឹកដែលបានត្រឡប់ទៅលំនៅ
ដ្ឋានវិញ មានក្នុងទម្រង់២ផ្សេងគ្នា។ ទម្រង់ទី១ គឺពួកគាត់ ត្រឡប់ទៅផ្ទះវិញ ដើម្បីមើលទ្រព្យសម្បត្តិ សត្វពាហៈនៈ ក៏ដូចជាបញ្ហាផ្សេងៗនៅផ្ទះរបស់ពួកគាត់។
ចំណែក ការវិលត្រឡប់ទៅផ្ទះរបស់ពលរដ្ឋភៀសសឹកក្នុងទម្រង់ទី២នោះ គឺអនុវត្តទៅតាមតំបន់ដែលអាជ្ញាធរបានកំណត់។ លោកអភិបាលខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែធ្នូនេះ ថា « ការត្រឡប់ចូលផ្ទះវិញរបស់ពលរដ្ឋភៀសសឹកនេះ គឺឈរលើគោលលការណ៍សុវត្ថិភាពជាធំ។ មានន័យថា អាជ្ញាធរយើង ត្រូវធ្វើយ៉ាងណាការពារអាយុជីវិតរបស់ពួកគាត់ ដែលពួកគាត់បានគេចផុតពីគ្រាប់ផ្លោង គាត់បានគេចផុតពីសង្គ្រាម រយៈពេល២០ថ្ងៃមកនេះ អ៉ីចឹងពេលពួកគាត់ត្រឡប់ទៅផ្ទះវិញមានគ្រោះថ្នាក់ម្តងទៀត គឺជារឿងមិនល្អទេសម្រាប់ពលរដ្ឋភៀសសឹកយើង។»។

ហេតុដូច្នេះហើយ ក្រោយមានបទឈប់បាញ់ភ្លាមៗ អាជ្ញាធរមូលដ្ឋានគ្រប់កម្រិតបានចុះពិនិត្យមើលទីតាំងសុវត្ថិភាពសម្រាប់ពលរដ្ឋភៀសសឹក។ ក្នុងនោះ អាជ្ញាធរខេត្តឧត្តរមានជ័យ បានបែកចែកជា៣តំបន់ ដែលមានតំបន់ក្រហម តំបន់លឿង និងតំបន់សុវត្ថិភាព។
« តំបន់ក្រហមសម្រាប់ខេត្តឧត្តរមានជ័យរបស់យើង គឺយើងសំដៅតំបន់ជាប់ខ្សែបន្ទាត់ព្រំដែនរហូតដល់ផ្លូវយុទ្ធសាស្ត្រ ដែលនេះជាតំបន់ហានិភ័យខ្ពស់។ ដូច្នេះ យើងមិនទាន់អនុញ្ញាតឱ្យប្រជាពលរដ្ឋភៀសសឹកត្រឡប់ទៅវិញ។»។ នេះជារៀបរាប់របស់លោក មាន ចាន់យ៉ាដា ដែលតំបន់លឿង ក៏ស្ថិតក្នុងកម្រិតហានិភ័យសម្រាប់ពលរដ្ឋភៀសសឹកផងដែរ។
បើតាមលោក មាន ចាន់យ៉ាដា តំបន់លឿងនោះ គឺមានសល់គ្រាប់ចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះមួយចំនួនដោយសារតែការបាញ់ប្រហាររបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា ពីថ្ងៃ៨ធ្នូ-២៧ ធ្នូ ឆ្នាំ២០២៥ ដែលអាចបង្កគ្រោះដល់ពលរដ្ឋភៀសសឹកពេលត្រឡប់ទៅផ្ទះ។ ដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋភៀសសឹក អាជ្ញាធរមូលដ្ឋានត្រូវកំណត់ទីតាំងកន្លែងហានិភ័យនេះក្នុងជំហានដំបូង ដែលបានសហការជាមួយអង្គភាពស៊ីម៉ាក់ ដើម្បីសម្អាតទីតាំងតំបន់លឿង ក៏ដូចជាតំបន់ស ក្នុងភូមិសាស្រ្តនៃខេត្តឧត្តរមានជ័យ។
លោកអភិបាលខេត្តឧត្តរមានជ័យ បន្តថ្លែងដោយសង្កត់ធ្ងន់ថា ៖ « ម៉ោងនេះ គឺផ្តោតអទិភាពខ្លាំងលើការសម្អាតគ្រាប់បែកចង្កោម ក៏ដូចជាគ្រាប់មិនទាន់ផ្ទះនៅតំបន់សុវត្ថិភាព ដែលមានទីតាំងនៅឆ្ងាយ៤០-៥០គីឡូម៉ែត្រពីបន្ទាត់ព្រំដែន។»។ គិតព្រឹកថ្ងៃទី២៩ ខែធ្នូ មានពលរដ្ឋភៀសសឹកខេត្តឧត្តរមានជ័យ ប្រមាណ៦ពាន់នាក់ ស្មើនឹង១០ភាគរយនៃពលរដ្ឋភៀសសឹកទូទាំងខេត្តជាង៦ម៉ឺននាក់ បានត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញ។
ចំពោះពលរដ្ឋភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅតំបន់ក្រហមវិញបាន អាជ្ញាធរនឹងរកទីតាំងបណ្តោះអាសន្នមួយដែលអាចឱ្យពលរដ្ឋទាំងនោះស្នាក់នៅក្នុងរយៈពេលវែង ( សមាគមពលរដ្ឋភៀសសឹក) ។ « បន្ទាប់មក គឺយើងនឹងរកទីតាំងណាមួយសមស្រប ដើម្បីពួកគាត់អាចប្រកបនូវរបរកសិកម្ម ឬក៏ធ្វើរបរចិញ្ចឹមជីវិតរបស់ពួកគាត់ ដើម្បីធានាថាពួកគាត់អាចរស់នៅប្រចាំថ្ងៃបាន។»។ នេះជាការលើកឡើងរបស់លោក មាន ចាន់ យ៉ាដា ដែលបានបញ្ជាក់ថា តំបន់ក្រហមនេះ គឺមិនទាន់មានលក្ខណ:ច្បាស់លាស់នៃការវ្វាស់វែងរបស់គណៈកម្មាធិការព្រំដែន ដែលយើងត្រូវរង់ចាំនូវការវ្វាស់វែងនៅកន្លែងមិនច្បាស់លាស់ទាំងនោះរវាងព្រំដែនកម្ពុជា និងថៃ៕ភ្នំដងរ៉ែក






































