(កំពង់ធំ)៖ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសស និងជាតំណាងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជា
អធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានានៅវត្តគុហនគរ ស្ថិតឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។
ក្នុងពិធីនេះក៏មានការនិមន្ត និងចូលរួមពីព្រះមង្គលសីលវ័ន្ត លីម វុឌ្ឍី ព្រះអនុគណស្រុកតាំងគោក, ព្រះគ្រូមុនីសីលវង្ស តុន ពិសី ព្រះចៅអធិការវត្តគុហនគរ, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងស្រុកតាំងគោក, តំណាងក្រុមប្រឹក្សាខេត្តកំពង់ធំ, ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ, លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក រួមទាំងក្រុមប្រឹក្សាឃុំពង្រ មេឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកយាយ លោកតា និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
ឯកឧត្តមទេសរដ្ឋមន្រ្តី ថោង ខុន បានពាំនាំនូវការសាកសួរសុខទុក្ខ និងនឹករឮកពី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត និងឯកឧត្តម វង្សី វិស្សុត ជូនដល់លោកយាយ លោកតា អ៊ុ ពូ មីង និងប្រជាពលរដ្ឋនៅឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា ការកសាងសមិទ្ធផលទាំងនេះមិនគ្រាន់តែជាបុណ្យកុសលដ៏ធំធេងក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការអភិវឌ្ឍនៅមូលដ្ឋានផងដែរ ហើយការចូលរួមបរិច្ចាគធនធានសម្រាប់កសាងសមិទ្ធផលទាំងនេះ បានជួយទៅដល់សង្គមជាតិផង និងបានផលានិសង្ឃដល់ខ្លួនឯងសម្រាប់ជាតិនេះ និងជាតិក្រោយៗទៀត។ ដូចនេះផ្នែកពុទ្ធចក្រ និងអាណាចក្រ គឺត្រូវដើរទន្ទឹមគ្នា ពឹងគ្នាទៅវិញទៅមក និងជួយទំនុកបម្រុងគ្នាទៅវិញទៅមក។
ឯកឧត្តម បានបន្ថែមថា វត្តអារាមមានតួនាទីយ៉ាងសំខាន់ណាស់នៅក្នុងព្រះពុទ្ធសាសនា ជាទីស្នាក់ អាស្រ័យរបស់ព្រះសង្ឃ ជាទីកន្លែងសិក្សាធម៌វិន័យ ធ្វើវិបស្សនា និងសម្តែងធម្មទេសនាអប់រំ ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទ។ ដោយឡែក នៅក្នុងវត្តគហុនគរនេះ គឺមានប្រាសាទបុរាណដ៏ចំណាស់ ហៅថា ប្រាសាទគុហនគរ គឺជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រដ៏សំខាន់មួយស្ថិតនៅក្នុងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី១ និងឧទ្ទិសដល់ព្រហ្មញ្ញសាសនា ហើយក្រោយមកបានប្រែក្លាយជាទីវត្តអារាមសម្រាប់ព្រះពុទ្ធសាសនារហូតមកដល់បច្ចុប្បន្ននេះ។ ជាងនេះទៀត ក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ធំក៏មានផែនការរៀបចំវត្តគុហនគរនេះជាវត្តទេសចរណ៍គំរូសម្រាប់ទាក់ទាញទេសចរជាតិ និងអន្តរជាតិផងដែរ។
ឯកឧត្តម ថោង ខុន ក៏បានផ្តាំផ្ញើដល់ពុទ្ធបរិសទ្ទ និងប្រជាពលរដ្ឋចំនួន ០៤ចំនុច៖ ទី១-ត្រូវមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហា ព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ, ទី២-ត្រូវរួមកម្លាំងសាមគ្គីជាធ្លុងមួយដើម្បីចូលរួមចំណែកការពារប្រទេសពីការឈ្លានពានពីបរទេស និងរួមកម្លាំងគ្នា ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ដោយត្រូវប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងម្ចាស់ការខ្លួនឯង, ទី៣-យុវជនជំនាន់ក្រោយ ត្រូវសិក្សារៀនសូត្រ និងយល់ដឹងច្បាស់អំពីប្រវត្តិសាស្ត្រ ភូមិសាស្រ្តនយោបាយ និងច្បាប់អន្តរជាតិនានា ដើម្បីចូលរួមការពារអធិបតេយ្យភាព និងបូរណភាពទឹកដីខ្មែរ, ទី៤-ត្រូវចេះរៀនរស់នៅក្នុងសភាពការណ៍ ដោយត្រូវចេះសន្សំសំចៃ កាត់បន្ថយការចំណាយដែលមិនចាំបាច់ និងរកវិធីដាំដុះបន្លែបង្កា និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងទី៥-សូមចូលរួមថែរក្សាសមិទ្ធផលថ្មីៗទាំងនេះឱ្យបានគង់វង្សទុកជាទ្រព្យសម្បត្តិរួម និងជាទីសក្ការៈគោរពបូជារបស់ពុទ្ធសាសនិកជនទាំងអស់។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប






































