កំពង់ចាម: អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់មន្ត្រី រាជការនៃមន្ទីរសាធារការខេត្តកំពង់ចាម ត្រូវបន្តការខិតខំកសាងហេដ្ឋារចនាសម្ពន្ធ នានាក្នុងខេត្ត និងបន្តផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជា
មួយមន្ត្រីរាជការ និវត្តជន និងកម្មករ នៃមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកំពង់ចាម នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញនិងលើកទឹកចិត្តបន្ថែមដល់មន្ត្រីរាជការ និង បុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅនឹង គោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការនានា ដែលក្រសួងសាធារណការ និង ដឹកជញ្ជូន ឬក៏ខេត្ត បានប្រគល់ជូន ។ ក្រៅពីនោះត្រូវបំពេញភារកិច្ច និងអនុវត្តតួនាទីរបស់ខ្លួនឱ្យ បានល្អប្រសើរ និងមានក្រមសីលធម៌វិជ្ជាជីវៈផងដែរ ។
ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់មន្ត្រីជំនាញនៃមន្ទីរសាធារណការខេត្ត ត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ពោលគឺ ធ្វើយ៉ាង ត្រូវយកចិត្តទុកដាក់ ពិនិត្យឡើងវិញនូវការដាក់ស្លាកសញ្ញាគូសចរាចរ តាមដងផ្លូវ ដើម្បី ធានាចូលរួមចំណែកកាត់បន្ថយអត្រាអ្នកគ្រោះថ្នាក់ និងអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ លើដងផ្លូវ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំឱ្យបន្តការខិតខំ បំពេញការងារឱ្យមានប្រសិទ្ធភាព ឆាប់រហ័ស និងមានតម្លាភាព ដើម្បីបង្កើនទំនុកចិត្ត របស់ ប្រជាពលរដ្ឋលើការផ្តល់សេវាសាធារណៈ ពិសេសត្រូវធ្វើការពិនិត្យ ថែទាំ ជួសជុល ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន ដើម្បីធានាសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើការដំណើរ ផងដែរ ៕





































