ប្រជាការពារទាំងអស់ត្រូវកាត់បន្ថយនូវគ្រឿងស្រវឹងបងប្អូនប្រជាការពារភូមិ មកពី៨ភូមិ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប

0

សៀមរាប៖ ប្រជាការពារប្រមាណជា៤០០នាក់ បានទទួលអំណោយ ជាគ្រឿងឧបភោគបរិភោគ ពីព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធកសមាគមកម្ពុជារដ្ឋ ក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងជាប្រធាក្រុមការងារចុះជួយក្រុងសៀមរាប ព្រមទាំងមានលោកស្នងការរងខេត្ត អាជ្ញាធរសង្កាត់គោកចក នាយប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ និង លោក លោកស្រីមេភូមិចូលរួម កាលពីរសៀលថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធកសមាគមកម្ពុជារដ្ឋ បានមានថេរដីកាថា ការជួបសំណេះសំណាលសួរសុខទុក្ខ និង ផ្តល់ជាស្បៀងអាហារដើម្បីជួយសម្រួលជីវភាពរបស់បងប្អូនប្រជាការពារភូមិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះគឺជាសកម្មភាពសប្បុរសធម៌និងជាការលើកទឹកចិត្តដ៏សំខាន់ ដើម្បីទទួលស្គាល់ការលះបង់កម្លាំងកាយចិត្ត ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពនៅមូលដ្ឋាន ព្រមទាំងបានសម្តែងនូវការដឹងគុណដែលបានខិតខំចំណាយកម្លាំងកាយកម្លាំងចិត្តរបស់បងប្អូន ក្នុងកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនភូមិសង្កាត់ ។ ក្នុងនោះព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បានផ្តនូវពុទ្ធឱវាទមួយចំនួន ដល់បងប្អូនប្រជាការពារភូមិទាំងអស់ ត្រូវធ្វើការកាត់បន្ថយនូវកាពិសារគ្រឿងស្រវឹង ក្នុងពេលចុះទៅបំពេញភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្តិភាពជូនប្រជាពលរដ្ឋ នៅក្នុងកម្មវិធីផ្សេងៗ សំខាន់ក្នុងការធ្វើចរាចរណ៍នៅតាមដងផ្លូវ ដែលសិស្សឆ្លងកាត់ ពេលទៅ និងចេញពីសាលារៀន ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់ថា ក្នុងនាមប្រជាការពារ កិច្ចការដែលត្រូវធ្វើនោះ គឺមានតួនាទីជាសេនាធិការឲ្យអាជ្ញាធរមានសមត្ថកិច្ច ពោលគឺធ្វើសេនាធិការឲ្យប៉ុស្តិ៍រដ្ឋបាលសង្កាត់ ធ្វើសេនាធិការឲ្យចៅសង្កាត់ និង ធ្វើជាសេមាធិការឲ្យរដ្ឋបាលក្រុងសៀមរាបជាដើម ។ លោកស្នងការខេត្តបានបន្តថា ភារកិច្ចជាសេនាធិកានោះ គឺការចូលរួមជាមួយសមត្ថកិច្ចកងកម្លាំងរបស់យើង ក្នុងការរក្សានូវសណ្ដាប់ធ្នាប់ ចូលរួមនៅក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរ ដូចជាការសម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះជាដើម ។ លោកឧត្តមសេនីយ៍ទោ ក៏បានយកឱកាសនោះថ្លែងកោតសរសើរដល់កម្លាំងប្រជាការពារទាំងអស់ ថ្វីត្បិតតែគ្មានប្រាក់បៀវត្ស ប៉ុន្តែកន្លងមកបានខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីរក្សា សណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរ នៅក្នុងកម្មវិធីផ្សេងៗ ហើយកត្តាសំខាន់នោះបងប្អូនចូលរួមក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់បានល្អ នៅតាមមណ្ឌលសុវត្ថិភាព ជូនដល់បងប្អូនគ្រួសារភៀសសឹក ដោយសង្រ្គាមឈ្លានពានពីប្រទេសថៃ មកស្នាក់នៅបណ្តោះអាសន្ននៅក្នុងភូមិសាស្ត្រសង្កាត់គោកចកនេះ ។ លោកស្នងការក៏បានធ្វើការណែនាំមួយចំនួនដល់បងប្អូនប្រជាការពារភូមិ ដែលបានទទួលនូវឯកសណ្ឋានពីគ្រប់បណ្តាអង្គភាពនានា សូមរក្សាសិទ្ធនូវ ឯកសណ្ឋានទាំងនោះ មិនត្រូវបំពាក់ស្លាកសញ្ញារបស់អង្គភាពមានសមត្ថកិច្ច យកមកបម្រើការងារ ដែលធ្វើឲ្យប៉ះពាល់ដល់ អង្គភាពដែលបានផ្តល់ឯកសណ្ឋានទាំងនោះ គឺត្រូវបងប្អូនត្រូវយកកំណប់សម្គាល់កម្លាំងប្រជាការពារនៅតាមឯកសណ្ឋានរបស់ខ្លួន ។ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានលើកឡើងផងដែរថា បច្ចុប្បន្នក្រសួងមហាផ្ទៃកំពុងបានគិតគូរ ដើម្បីឲ្យរៀបចំឯកសណ្ឋានឲ្យមានលក្ខណៈផ្លូវការមួយដល់ប្រជាការពាររបស់យើង បូករួមទាំងស្លាកសញ្ញាសំគាល់ប្រជាការពារ ដូចអ្វីដែលនគរបាលមាននោះដែរ ដើម្បីកំណត់សម្គាល់កម្លាំងប្រជាការពារទូទាំងប្រទេសតែម្ដង ។ ត្រូវតាមដាន និងរាយការណ៍ជាបន្ទាន់ជូននគរបាលយុត្តិធម៌ ប្រសិនបើមានការលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ដែលបង្កឲ្យមានភាពអសន្តិសុខក្នុងសហគមន៍ ។ ក្នុងការអនុវត្តភារកិច្ច បងប្អូនត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ រក្សាភាពអត់ធ្មត់ និងប្រើប្រាស់សម្ដីសមរម្យជាមួយប្រជាពលរដ្ឋ។ក្នុងករណីមានបទល្មើស ឬហេតុការណ៍មិនប្រក្រតីណាមួយកើតឡើង ត្រូវរាយការណ៍មកប៉ុស្តិ៍រដ្ឋបាល ឬអធិការដ្ឋានឲ្យបានឆាប់បំផុតតាមរយៈប្រព័ន្ធទំនាក់ទំនងដែលមាន៕