សៀមរាប៖ បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាតស្បៀង ចំនួន ១០១គ្រួសារ មកពី៨ភូមិ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានទទួលជាគ្រឿងឧបភោគបរិភោគ ពីព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធកសមាគមកម្ពុជរដ្ឋ និង រដ្ឋបាលសង្កាត់គោកចក ក្រោមវត្តមានរបស់លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប នៅសាលាសង្កាត់គោកចក នាព្រឹកថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០២៦នេះ ។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធកសមាគមកម្ពុជរដ្ឋ មានថេរដីកាថា ការដែលយើងមានចិត្តមេត្តាចេះចែករំលែកនូវស្បៀងអាហារដល់អ្នកដែលកំពុងខ្វះខាត គឺជាទានបារមីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះពុទ្ធសាសនា ការឲ្យទាននូវអាហារ ឈ្មោះថាឲ្យនូវកម្លាំងហើយទង្វើនេះមិនត្រឹមតែជួយជីវិតមនុស្សឲ្យរស់បាននោះទេ ប៉ុន្តែវាគឺជាការសាបព្រោះគ្រាប់ពូជនៃសន្តិភាពនិងក្ដីស្រឡាញ់នៅក្នុងសង្គម ។ ព្រះអង្គបានមានថេរដីកា បន្តទៀតថា វត្តអារាម ព្រះសង្ឃ ទីពឹងទៅលើបងប្អូនពុទ្ធបរិស័ទ នៅពេលដែលប្រជាពុទ្ធបរិស័ទមានទុក្ខលំបាក ក៏ត្រូវការ ទីពឹងព្រះសង្ឃ វិញផងដែរ ។ ព្រះអង្គបន្តទៀតថា រាល់អំណោយជាគ្រឿងឧបភោគបរិភោគទាំងនេះ ព្រះអង្គក៏បានទទួល ពីបងប្អូនពុទ្ធបរិស័ទ និង សប្បុរសជន ជួយដល់បងប្អូនគ្រួសារក្រីក្រ និង បងប្អូនភៀសសឹកដោយសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ ។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាបន្ថែមទៀតថា វត្តអារាមជានិមិត្តរូបនៃជនជាតិខ្មែរ ដែលជនជាតិខ្មែរនៅទីណាត្រូវតែមានវត្តអារាមនេះ ហើយវត្តគឺជាកន្លែងប្រជុំរបស់ប្រជាជនគ្រប់វ័យ និងវណ្ណៈដោយគ្មានការរើសអើង ដែលទទួលកូនខ្មែរជាសិស្សានុសិស្សក្រីក្រឲ្យស្នាក់នៅសិក្សារៀនសូត្រនិងស្វែងយល់ពីប្រពៃណីទំនៀមទំលាប់ជាតិ និងជាកន្លែងចែករំលែកទាន/បច្ច័យបួន ដែលជួយសម្រាលបន្ទុកសេដ្ឋកិច្ចរបស់រដ្ឋ និងប្រជាជន ដោយក្នុងនោះដែរហើយ”ព្រះពុទ្ធសាសនានិងរដ្ឋ” តែងតែដើរទន្ទឹមគ្នានិងជាបង្អែកដ៏រឹងមាំសម្រាប់ប្រជាពលរដ្ឋជានិច្ច។
លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប បានថ្លែងថាវត្តអារាមមិនត្រឹមតែជាទីសក្ការៈបូជាតាមបែបសាសនាប៉ុណ្ណោះទេ ប៉ុន្តែជាសសរស្តម្ភដ៏រឹងមាំសម្រាប់ទ្រទ្រង់សីលធម៌សង្គមនិងការចែករំលែក ការអភិវឌ្ឍជាតិជារួម ។
លោកអភិបាលរងក្រុង ក៏បានថ្លែងអំណរព្រះគុណចំពោះព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ដែលកន្លងមកគ្រប់សកម្មភាពរបស់ព្រះគ្រូ មិនត្រឹមតែជួយសម្រាលបន្ទុករបស់អាជ្ញាធរដែនដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា “ឱសថទិព្វ” ជួយព្យាបាលផ្លូវចិត្ត និងផ្តល់សេចក្តីសង្ឃឹមដល់ជនងាយរងគ្រោះ ឲ្យមានកម្លាំងចិត្តតស៊ូក្នុងជីវិត បន្តទៀត។ ទាំងនេះជាសក្ខីភាពបញ្ជាក់ថា វត្តអារាមមិនត្រឹមតែជាទីសក្ការៈបូជាតាមបែបសាសនាប៉ុណ្ណោះទេ ប៉ុន្តែជា មជ្ឈមណ្ឌលចែករំលែក និង ជាទីពឹងផ្អែករបស់សង្គមជាតិ។ ម៉្យាងទៀតក្នុងកាលៈទេសៈនាពេលកន្លងមក ព្រះអង្គបានចូលរួមដោះស្រាយនូវរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩ និង ជួយដល់បងប្អូនគ្រួសារភៀសសឹក និង គ្រួសារក្រីក្រ មិនថាក្នុងខេត្ត ឬក្រៅខេត្តឡើយ ។ ក្នុងនាមអាជ្ញាធរដែនដីលោកអភិបាលរងក្រុងសៀមរាបប្តេជ្ញានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយព្រះសង្ឃគ្រប់ព្រះអង្គ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋផងដែរ ៕






































