សៀមរាប៖ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ខ្លួន ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម លោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត
លោកលោកស្រីជានាយករងរដ្ឋបាលសាលាខេត្ត នាយកទី ចាត់ការ អង្គភាពចំណុះសាលាខេត្ត ស្នងការខេត្ត មេបញ្ជាអាវុធហត្ថខេត្ត ,តំបន់ប្រតិបត្តិការសឹករងសៀមរាបផងដែរ នាព្រឹកថ្ងៃទី ០៦ ខែ មេសា ឆ្នាំ២០២៦នេះ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣នេះ ត្រូវបានឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបន្ថែមនូវរបៀបវារៈ ស្តីពីការពង្រឹងរបៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ខ័ណ្ឌ ក្រុង ស្រុក ក្រោយពីសន្និបាតរបស់ក្រសួងមហាផ្ទៃ ដែលបានជម្រុញដល់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ខ័ណ្ឌ ក្រុង ស្រុក បានដំណើរការទៅបានល្អបន្ថែមទៀត ។ ឆ្លងតាមកិច្ចពិភាក្សានៃរបៀបវារៈដែលបានគ្រោងទុក កិច្ចប្រជុំបានដំណើរការទៅដោយរលូន ព្រមទាំងបានផ្តោត ទៅលើបញ្ហាមួយចំនួន ចំពោះ តម្លៃទឹកស្រោចស្រពស្រែប្រាំង និង បញ្ហាអគ្គិសនី និង បញ្ហាក្មេងទំនើង ។
មានប្រសាសន៍នោះដែរលោក នាក់ ណេរ៉ុន បានលើកឡើងថា រាល់ចំណុចដែលសមាជិកក្រុមប្រឹក្សាខេត្តលើកឡើង គឺជាធាតុចូលនៃសូចនាករដ៏សំខាន់ ដើមី្បដាក់បញ្ចូលទៅក្នុងផែនការវិនិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត យកទៅអនុវត្ត ។ លោកបានជម្រុញដល់គ្រប់សមត្ថកិច្ចពាក់ព័ន្ធ និង រដ្ឋបាលក្រុង ស្រុក ត្រូវធ្វើការគ្រប់គ្រង និង អនុវត្តឲ្យខាងតែបាន នូវរាល់ចំណុចដែលសមាជិកក្រុមប្រឹក្សាខេត្តបានលើកក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣នេះ ។ ម៉្យាងទៀត ដោយខេត្តសៀមរាបជាគោលដៅរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត គ្រប់ស្ថាប័នទាំងអស់ត្រូវរួមគ្នា លើការងារបរិស្ថាន អនាម័យក្នុងក្រុង ស្រុក ដើមី្បលើកនូវសោភ័ណ្ឌភាពខេត្តប្រវត្តិសាស្ត្រមួយនេះ ឲ្យកាន់ទាក់ទាញភ្ញៀវចូលមកកម្សាន្ត ។
ឯកឧត្តម លី សំរិទ្ធ បានឯកភាពរាល់លទ្ធផលដែលរដ្ឋបាលខេត្តអនុវត្តបាន ប្រចាំខែមីនា ឆ្នាំ២០២៦ ព្រមទាំងសូមឲ្យធ្វើការកែតម្រូវនូវរាល់សកម្មភាពការងារមួយចំនួន និង ពិនិត្យអក្ខរាវិរុទ្ធឲ្យបានត្រឹមត្រូវ ។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា នៅតាមក្រុមនិមួយៗ របស់ក្រុមប្រឹក្សាខេត្ត រាល់សកម្មភាពរបស់ខ្លួន ត្រូវធ្វើការពិនិត្យ ពិភាក្សាគ្នាឲ្យបានស៊ីជម្រៅ ដើមី្បជាគោលដៅសម្រាប់ក្នុងការអនុវត្តបន្ត ។ ឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដល់ក្រុមការងារក្រុមប្រឹក្សាខេត្ត ក្នុងការចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រុង ស្រុក ដើមី្បដោះស្រាយនូវរាល់បញ្ហា ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលទាក់ទងលើសេវាសាធារណៈ ។ ក្នុងនោះដែរឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានគូសបញ្ជាក់អំពីការងារការិយាល័យប្រជាពលរដ្ឋខេត្ត ដែលបានធ្វើការបង្ហាញផ្សព្វផ្សាយជូនដល់កិច្ចប្រជុំក្រុមប្រឹក្សា ដើមី្បឲ្យការិយាល័យប្រជាពលរដ្ឋ មានលទ្ធភាពគ្រប់គ្រាន់ មានសុវត្ថិភាពពេញលេញ គុណវុឌ្ឍ ដើមី្បឆ្លើយតបទៅនឹងតួនាទីការងារ ក្នុងការអភិវឌ្ឍន៍តួនាទី ភារកិច្ច ចំពោះមុខងាររបស់ខ្លួន សម្រាប់លិខិតបទដ្ឋាន គតិយុត្តជាធរមាន ។ ម៉្យាងទៀត ចំពោះបញ្ហា គ្រឿងញៀន និង បារីអេឡិចត្រូនិច និងក្មេងទំនើង ដែលជាប្រធានបទដ៏ក្តៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ឲ្យខាងតែបាន ។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានកម្មាំងសមត្ថកិច្ច មានតួនាទីបង្ក្រាបក្រុមក្មេងទំនើង កុំឲ្យកើតមានក្នុងមូលដ្ឋាន ដែលធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ សំខាន់ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរយើង ចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនៅថ្ងៃខងមុខនេះ ៕





































