រដ្ឋបាលក្រុងសំរោង បន្តចែកគ្រាប់ពូជបន្លែដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងសង្កាត់បុស្បូវ និងសង្កាត់សំរោង ដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ និងសន្តិសុខស្បៀងមូលដ្ឋាន

0

​(ក្រុងសំរោង)៖ ការផ្ដល់គ្រាប់ពូជកសិកម្មល្អ គឺជាការផ្ដល់នូវដើមទុនដ៏សំខាន់សម្រាប់បងប្អូនកសិករ ក្នុងការបង្កើនផលិតភាពដាំដុះ និងធានាបាននូវការផ្គត់ផ្គង់ស្បៀងអាហារសុវត្ថិភាពតាមគ្រួសារ។
នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ នេះ ដោយមានការចាត់តាំងពី លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង, លោក រិន សាគរ អភិបាលរងក្រុង រួមជាមួយ លោក ព្រាប សំអុល សមាជិកក្រុមប្រឹក្សាក្រុង និង លោក ភី ភន់ ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានចុះជួបសំណេះសំណាល និងចែកគ្រាប់ពូជបន្លែដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ និងសហគមន៍ក្នុងភូមិសាស្ត្រ សង្កាត់បុស្បូវ និង សង្កាត់សំរោង។

​កម្មវិធីចែកគ្រាប់ពូជនេះ បានទទួលប្រភពជំនួយឧបត្ថម្ភ ដែលជាជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក.) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលជំរុញឱ្យបងប្អូនប្រជាពលរដ្ឋទាញយកផលប្រយោជន៍ពីដីទំនេរជុំវិញផ្ទះមកដាំដុះបន្លែបង្ការ ដើម្បីកាត់បន្ថយចំណាយក្នុងជីវភាព និងបង្កើនចំណូលបន្ថែមតាមរយៈការលក់ដូរលើទីផ្សារ។

លោក រិន សាគរ អភិបាលរងក្រុង បានធ្វើការផ្ដាំផ្ញើ និងបានណែនាំឱ្យបងប្អូនយកចិត្តទុកដាក់ថែទាំដាំដុះឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីទទួលបានទិន្នផលខ្ពស់ និងធានាបាននូវគុណភាពបន្លែធម្មជាតិ។ ក្នុងនាមរដ្ឋបាលក្រុងសំរោង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងតែផ្ដល់អាទិភាពដល់កសិករក្នុងក្រុងសំរោង តាមរយៈយន្តការនៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលជាការរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រ៕ដោយ៖ភ្នំដងរ៉ែក