អង្គការសង្គមស៊ីវិល និងសហគមន៍ ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងរួមចំណែកអភិវឌ្ឍប្រទេសជាតិ

0

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា សមាគម សហគមន៍ និងអង្គការស៊ីវិល ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការរួមចំណែកការអភិវឌ្ឍមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរ តាមរយៈការគាំទ្រគ្រប់សកម្មភាពនានា ហើយក្នុងន័យនេះក៏សូមឲ្យបន្ដកិច្ចសហការគាំទ្រ និងចូលរួមប្រកបដោយភាពស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្ដបន្ថែមទៀត ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិគ្នាទៅវិញទៅមក នីតិរដ្ឋ និងការការពារបរិស្ថានធម្មជាតិ ទប់ស្កាត់ បទល្មើសនានា ដើម្បីពង្រឹងនូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែមានភាពរីកចម្រើន និងការអភិវឌ្ឍជឿនលឿនទៅមុខ។
ថ្លែងក្នុងវេទិកាពិគ្រោះយោបល់ ស្ដីពីភាពជាដៃគូរវាងរដ្ឋបាលខេត្ដសៀមរាប ជាមួយសមាគម អង្គការសង្គមស៊ីវិល និងសហគមន៍ ក្រោមប្រធានបទ “ការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋបាលខេត្ដថ្នាក់ក្រោមជាតិ ជាមួយនឹងអង្គការសង្គមស៊ីវិល” នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី នាយករដ្ឋមន្រី្ត បានដាក់ចេញនូវកម្មវិធីនយោបាយ និងការកែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ ជាក់ស្ដែង សមិទ្ធផលនៃការរីកចម្រើន និងការអភិវឌ្ឍប្រទេសជាតិដែលរាជរដ្ឋាភិបាលសម្រេចបាននាពេលកន្លងមករហូតដល់បច្ចុប្បន្ននេះ គឺដោយមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ។ លោក អ៊ឹង គឹមលាង បន្តថា ជាមួយនឹងសមិទ្ធផលទាំងអស់នេះ ក្នុងនោះវិស័យឯកជន ជាពិសេសអង្គការសង្គមស៊ីវិលក្នុងស្រុក និងបរទេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ និងគាំទ្រដល់សេវាសង្គមនៅតាមមូលដ្ឋានជនបទ និងសហគមន៍។ ទន្ទឹមនឹងនោះ អង្គការសង្គមស៊ីវិល ក៏បានចូលរួមធ្វើសកម្មភាពក្នុងវិស័យកំណែទម្រង់នានារបស់រដ្ឋដូចជា ការលើកកម្ពស់អភិបាលកិច្ចល្អ សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ការអប់រំ សុខភាព ធនធានធម្មជាតិ និងបរិស្ថាន។ ជាមួយគ្នានេះ ផ្អែកលើគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តសៀមរាបបានរៀបចំវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយនឹងអង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ច ដោយបានធ្វើការដោះស្រាយនូវសំណើ សំណូមពរ និងកង្វល់របស់អង្គការ សង្គមស៊ីវិលបានយ៉ាងល្អប្រសើរ កាលពីឆ្នាំ២០២៥ កន្លងទៅ។ លោកអភិបាលរងខេត្ដ បានសង្កត់ធ្ងន់ថា ក្នុងគោលបំណងនាំសង្គមកម្ពុជាទៅរកការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនឹងអង្គការសង្គមស៊ីវិល និងសហគមន៍នានានៅមូលដ្ឋាន ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន សូមអំពាវនាវឱ្យអង្គការសង្គមស៊ីវិល បន្តអនុវត្តសកម្មភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ ស្នើឲ្យអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ បន្តចូលរួម និងគាំទ្រនៅក្នុងដំណើរការក្នុងវិស័យកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចជាការជួយកសាងសមត្ថភាពដល់មន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការបន្តពង្រឹងយន្តការ គណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និង ការពង្រឹងភាពជាម្ចាស់របស់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាព។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានឲ្យដឹងថា វិស័យសុខាភិបាលបានបន្ដកិច្ចសហការជាមួយអង្គការដៃគូ ដើម្បីលើកកម្ពស់សេវានៃការព្យាបាលមានប្រសិទ្ធភាពភាព និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ។ លោកក៏បានជម្រុញដល់អង្គការដៃគូ អង្គការសង្គមស៊ីវិលបន្ដកិច្ចសហការបន្ថែមទៀតដើម្បីរួមចំណែកក្នុងវិស័យសុខាភិបាលឲ្យកាន់តែល្អប្រសើរ។ ជាមួយគ្នានោះ លោកស្រី ញាណ ភួងម៉ាលី ប្រធានបណ្តាញសមាគមអង្គការមិនមែនរដ្ឋាភិបាលប្រចាំខេត្ដសៀមរាប បានឲ្យដឹងផងដែរថា កន្លងមកសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនក្នុងខេត្ត បានសហការ និងអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។ ប៉ុន្តែទន្ទឹមនឹងការខិតខំប្រឹងប្រែងនេះ ក៏មានការខ្វះចន្លោះបន្តិចបន្តួច តែនឹងព្យាយាមដោះស្រាយបន្ដទៀត ដើម្បីសហការជាមួយរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់ភាពជាដៃគូប្រកបដោយស្ថិរភាព៕