ឯកឧត្តម ប្រាក់ សោភ័ណ ណែនាំកងកម្លាំងទាំងអស់រៀបចំការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ឲ្យបានម៉ឺងម៉ាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

0

សៀមរាប៖ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំឲ្យកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង ស្រុក ទូទាំងខេត្ត ត្រូវពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកកម្សាន្តក្នុងខេត្តសៀមរាប នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមកដល់នាថ្ងៃខាងមុខនេះ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ស្ដីពីការពិភាក្សាផែនការការពារ និងសន្ដិសុខសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាក់ សោភ័ណ បានសង្កត់ធ្ងន់ថា ក្រៅពីពង្រឹងការងារសន្តិសុខក្នុងឱកាសចូលឆ្នាំថ្មី កងកម្លាំងទាំង ១៣ក្រុង ស្រុក ក៏ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព រួមទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាព និងឆាប់រហ័ស ជាពិសេសត្រូវយកចិត្តទុកដាក់គ្រប់គ្រងឱ្យបានហ្មត់ចត់នូវមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង រួមទាំងបទល្មើសផ្សេងៗទៀត សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឲ្យរដ្ឋបាលក្រុងស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត ត្រូវពង្រឹងការងារសណ្ដាប់ធ្នាប់ អនាម័យ និងគ្រប់គ្រងសំរាមនៅតាមដងផ្លូវក្នុងក្រុងសៀមរាបឱ្យបានល្អប្រសើរ និងជំរុញឱ្យអាជ្ញាធរខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បង្កើតកម្មវិធីកម្សាន្តឱ្យបានច្រើន ជាពិសេសការដឹកនាំរៀបចំការលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំ ដើម្បីជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាបកាន់តែច្រើន។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា សមត្ថកិច្ចបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការរក្សានូវសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាការប្រើប្រាស់កម្លាំងសរុបចំនួន ១ពាន់៥០៣នាក់ ដោយមានអង្គភាពពាក់ព័ន្ធចំនួន១០ បានចូលរួម មានស្នងការរដ្ឋាន កងរាជអាវុធហត្ថ អគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ច កងទ័ពជើងគោក មូលដ្ឋានកងទ័ពអាកាសសៀមរាប កងអង្គភាពកម្ចាត់មីន កងអង្គភាពនគរបាលទេសចរណ៍ មន្ទីរសុខាភិបាលខេត្ត មន្ទីរប្រៃសណីយ៍ និងប្រជាការពារ ។ លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា សម្រាប់ការងារនេះកម្លាំងយើងបានកំណត់តំបន់ការពារ រួមមាន ទី១.ទៅលើការរៀបចំចំណត និងសម្រួលចរាចរណ៍នៅតាមដងផ្លូវ ដែលកិច្ចការនេះពិតជាសំខាន់ ក្នុងនោះមានកម្លាំងសរុបចំនួន៧៥នាក់ ។ ទី២.ការពារគោលដៅពេលប្រារព្ធពិធីនៅតាមទីតាំងដែលបានរៀបចំ ដោយផ្ដោតសំខាន់លើការងារសន្ដិសុខ និងសណ្ដាប់ធ្នាប់ទូទៅ ទាំងមុនពេលកម្មវិធី កំឡុងពេលកម្មវិធី និងក្រោយពេលកម្មវិធី ជាពិសេសការទប់ស្កាត់ករណីក្មេងទំនើងដែលបង្កអសន្ដិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ។ ជាមួយគ្នានេះ ក្រុមការងារក៏បានពិភាក្សាទៅលើតម្រាយផ្លូវ ក្នុងការបិទផ្លូវនៅតំបន់មួយចំនួន ដើម្បីទប់ស្កាត់ការកកស្ទះចរាចរណ៍ក្នុងពេលរៀបចំពិធីផងដែរ៕