មេអាវុធហត្ថខេត្តបើកប្រជុំត្រួតពិនិត្យ ផ្សព្វផ្សាយរបាយការណ៍ប្រចាំខែមេសា និង បទបញ្ជាផែនការការពារ សៀមរាបសង្ក្រាន្ត

0

សៀមរាប៖ ដើមី្បធានាបានសន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ចូលរួមសប្បាយ ក្នុងសង្ក្រាន្តសៀមរាប បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងចូលមកដល់ថ្ងៃខាងមុខនេះ នៅរសៀលថ្ងៃទី១០ខែ មេសា ឆ្នាំ២០២៦នៅអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត បើកកិច្ចប្រជុំត្រួតពិនិត្យ ផ្យព្វផ្សាយរបាយការណ៍ប្រចាំខែមេសា និង ផ្សព្វ ផ្សាយសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) និងផ្សព្វផ្សាយបទបញ្ជា ផែនការការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ សង្រ្គោះបន្ទាន់ ក្នុងកម្មវិធីសៀមរាបសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នាពេលខាងមុខ ក្រោមការដឹកនាំប្រជុំរបស់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរងទទួលជំនាញ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេបញ្ជាការកងអនុសេនាធំចល័ត និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
ឆ្លងតាមការត្រួតពិនិត្យ ផ្សព្វផ្សាយរបាយការណ៍ប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្តប្រចាំខែឧសភារួចមក មានប្រសាសន៍នោះលោកឧត្តមសេនីយ៍ត្រី សៀ ទីន បានពាំនាំនូវប្រសាសន៍របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ នៃកងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី និង សូមឲ្យទទួលបានជ័យជម្នះគ្រប់ភារកិច្ច ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូន ។ លោកមេបញ្ជាការ ក៏បានក៏បានលើកឡើងនូវបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាព នៅក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរយើង អបអរសាទរក្នុង ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃខាងមុខនេះ ។ កត្តាសំខាន់នោះ គ្រប់កងកម្លាំងឯកភាព នៃ ពលរាជអាវុធហត្ថខេត្ត ត្រូវអនុវត្តឲ្យបានល្អ នូវផែនការការពារ សៀមរាបសង្ក្រាន្ត ក៏ដូចតាមបណ្តាក្រុង ស្រុក ដើមី្បបង្កនូវ ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានមកពីបណ្តារាជធានី ខេត្តនានា ចូលមកកាន់ខេត្តប្រវត្តិសាស្ត្រមួយនេះ ។ ម៉្យាងទៀត ត្រូវធ្វើការតាមដាននូវគ្រប់រាល់សកម្មភាពរបស់មុខសញ្ញាចាស់ ដែលទើបចេញពីមណ្ឌលអប់រំកែប្រែ និង ក្តាប់ឲ្យបានរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដើមី្បកុំឲ្យ កើតមាននៅក្នុងខេត្តសៀមរាប ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និង អ្នកវិនិយោគទុន ពិសេសបង្ក្រាបឲ្យខាងតែបាន ចំពោះក្រុមក្មេងទំនើង ល្បែងស៊ីសង់ គ្រឿងញៀន និង បារីអេឡិចត្រូនិច ។ លោកមេបញ្ជាការ បានដាក់នូវបទបញ្ជាដល់គ្រប់កងឯកភាពទាំងអស់ ត្រូវប្រចាំការ២៤ម៉ោងលើ២៤ម៉ោង នៅតាមគោលដៅដែលផែនការបានកំណត់ ៕