កំពង់ធំ÷ កិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ធំ ស្ថិតក្រោមវត្តមានឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម ជាតិ ស៊ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីឯកឧត្តម
លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការជាច្រើនរូប ស្ថិតនៅសាលប្រជុំប្រាសាតោ នៃរដ្ឋបាលខេត្តកំពង់ធំ នាបរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ។
ជាមួយគ្នានេះផងដែរឯកឧត្តម ជាតិ ស៊ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្ត បានលើកយករបៀបវារៈក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្តរួមមាន÷ ១- ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្ត។ ២- ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។ ៣- បញ្ហាផ្សេងៗ
ឯកឧត្តមបានលើកឡើងថា របាយការណ៍ការអនុវត្តការងាររបស់រដ្ឋបាលខេត្ត បានឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំខេត្ត ក្នុងការអនុវត្តតួនាទី/ភារកិច្ច សិទ្ធិអំណាច និងការទទួលខុសត្រូវខ្ពស់ តាមរយៈការធ្វើសកម្មភាពនានា ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានធ្វើបច្ចុប្បន្នភាពអំពីគម្រោងនានារបស់រដ្ឋបាលខេត្ត ដែលបាននឹងកំពុងដំណើរការផងដែរ ហើយគម្រោងទាំងអស់នេះនឹងធ្វើឱ្យខេត្តកំពង់ធំបានទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តមានការកើនឡើងធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរជាងមុន៕ ជាក់ស្ដែងខេត្តកំពង់ធំ រៀបចំស្តង់ពិពណ៌ផលិតផលខ្មែរដែលអញ្ជើញមកពី២៥រាជធានី/ខេត្ត ដើម្បីដាក់តាំងលក់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមជួយទិញផលិតផលខ្មែរឱ្យបានគ្រប់ៗគ្នា និងចូលរួមមកលេងនៅសង្ក្រាន្តកំពង់ធំដែលប្រព្រឹត្តទៅនៅសួនមាត់ស្ទឹងសែន ខេត្តកំពង់ធំ។






































