ខេត្តព្រះសីហនុ៖បើតាមការបញ្ជាក់របស់ឪពុកម្តាយក្មេងរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុស-ស្រីទាំង ៤ នាក់ខាងលើ បានរត់លេង និងចុះលេងទឹកសមុទ្រប្រហែល ៧ នាទីប៉ុណ្ណោះ ក៏លង់ទឹកតែម្តង។ ចំណែកក្មេងប្រុសដែលស្លាប់បាត់បង់ជីវិត ចំនួន ១ នាក់ តាមការបញ្ជាក់របស់ឪពុកម្តាយ បានឲ្យដឹងថា ក្មេងប្រុសនោះបានលិចទឹកសមុទ្រប្រហែល ២០ នាទី ទើបរកឃើញ។ ក្រោយកើតហេតុ ក្មេងរងគ្រោះប្រុស-ស្រីទាំង ៤ នាក់ខាងលើ ត្រូវបានក្រុមគ្រួសារ និងឪពុកម្តាយ ដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។

ក្មេងរងគ្រោះមានឈ្មោះទី១-ឈ្មោះ ផល សីហា ភេទប្រុស អាយុ ៧ ឆ្នាំ មានស្រុកកំណើត ភូមិរលូន ឃុំបឹងត្រាំងខាងជើង ស្រុកសំរោង ខេត្តតាកែវ (ស្លាប់)។២-ឈ្មោះ ជួន សុវណ្ណមករា ភេទប្រុស អាយុ ៥ ឆ្នាំ មានស្រុកកំណើត ភូមិពោធិ៍ធំ ស្រុកបសេដ ខេត្តកំពង់ស្ពឺ (រស់)។៣-ឈ្មោះ ជួន សុវណ្ណបញ្ញា ភេទស្រី អាយុ ៧ ឆ្នាំ មានស្រុកកំណើត ភូមិពោធិ៍ធំ ស្រុកបសេដ ខេត្តកំពង់ស្ពឺ (រស់)។៤-ឈ្មោះ ជួន សុវណ្ណនីតា ភេទស្រី អាយុ ១០ ឆ្នាំ មានស្រុកកំណើត ភូមិពោធិ៍ធំ ស្រុកបសេដ ខេត្តកំពង់ស្ពឺ។


ជុំវិញហេតុការណ៏នេះ លោកឧត្តមសេនីយ៍ត្រី វ៉ែន រ៉ាវឿន ស្នងការរងជួយដឹកនាំ ការិយាល័យ នគរបាលទេសចរណ៍ និងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានឲ្យដឹងថា ករណីក្មេងប្រុស-ស្រីលង់ ទឹកសមុទ្រចំនួន ៤ នាក់ (ស្លាប់ ១ នាក់ និងឈ្លក់ទឹក ៣ នាក់ តែមិនបណ្តាលឲ្យបាត់បង់ជីវិត) បានកើត ឡើងនៅវេលាម៉ោង ១២ និង ១៥ នាទី ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៦ ស្ថិតនៅក្រុមទី ៩ ភូមិ ១ សង្កាត់ ៣ ក្រុង-ខេត្តព្រះសីហនុ(តំបន់ឆ្នេរសមុទ្រកោះពស់)។



































