(កំពង់ធំ)៖ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ «ពានរង្វាន់មហាជនស្រុកតាំងគោក» បានបិទបញ្ចប់ដោយជោគជ័យ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក
នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន តាំងគោក។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាព និងភាតរភាពរវាងអតីតសិស្សវិទ្យាល័យ ក៏ដូចជាស្រទាប់យុវជន ព្រមទាំងពង្រឹងបទពិសោធន៍ យល់ដឹងពីច្បាប់វិន័យនៃការប្រកួត និងចូលរួមលើកស្ទួយវិស័យកីឡានៅមូលដ្ឋាន។
លោក ឡុង គីណាល់ អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកតាំងគោក បានឱ្យដឹងថា ការប្រកួតនេះបានដំណើរការអស់រយៈពេល ៦ខែ (ចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦) ដោយការប្រកួតភាគច្រើនធ្វើឡើងនៅថ្ងៃសៅរ៍-អាទិត្យ
និងថ្ងៃឈប់សម្រាកបុណ្យទាន ដើម្បីកុំឱ្យប៉ះពាល់ដល់ការសិក្សា និងការងាររបស់កីឡាករ។ ព្រឹត្តិការណ៍នេះមានក្រុមចូលរួមប្រកួតជំរុះវិលជុំចំនួន ៨ក្រុម (ស្មើនឹងកីឡាករ ២០០នាក់, ប្រតិភូនិងគ្រូបង្វឹក ១២នាក់ និងអាជ្ញាកណ្ដាល ១០នាក់) រួមមាន៖ ក្រុមពង្ររួមមិត្ត, ក្រុមដំរីស្នេហ៍ច័ន្ទ, ក្រុមអធិរាជសេះស, ឃាតករចិត្តព្រាន, ក្រុមយុវជនសូយោង, ក្រុមតោរោមមាស និងក្រុមហង្សភ្លើង (រួមនឹងក្រុមមួយទៀត)។
ជាលទ្ធផលនៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រ៖
ចំណាត់ថ្នាក់លេខ១ (ជើងឯក)៖ ក្រុមដំរីស្នេហ៍ច័ន្ទ
ចំណាត់ថ្នាក់លេខ២៖ ក្រុមឃាតករចិត្តព្រាន
ចំណាត់ថ្នាក់លេខ៣៖ ក្រុមពង្ររួមមិត្ត
នាក្នុងឱកាសនោះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះគណៈកម្មការរៀបចំការប្រកួត ដែលបានខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍នេះឡើង រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ ក្រោមស្មារតីយោគយល់អធ្យាស្រ័យគ្នា និងគោរពបទបញ្ជាបច្ចេកទេសបានយ៉ាងខ្ជាប់ខ្ជួន។
លោកអភិបាលស្រុក ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ក៏ដូចជាយុវជនទាំងអស់ក្នុងស្រុកតាំងគោក និងតំបន់ជុំវិញ សូមចូលរួមលេងកីឡាឱ្យបានសកម្មផុសផុល មិនថាតាមរយៈកម្មវិធីសិក្សា ការធ្វើលំហាត់ប្រាណ ឬការប្រកួតមិត្តភាពនោះទេ ដើម្បីសុខភាពរាងកាយ បញ្ញាស្មារតី និងបង្កើតទម្លាប់ល្អក្នុងការការងារជាក្រុម។ លើសពីនេះ ការលេងកីឡាគឺជាឱកាសដ៏ល្អក្នុងការរឹតចំណងសាមគ្គីភាព និងជួយឱ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន ក៏ដូចជាអំពើអបាយមុខផ្សេងៗនៅក្នុងសង្គមផងដែរ។
(អត្ថបទ៖ ដោយ ប៊ុន រដ្ឋា)








































