សម្តេច ម៉ែន សំអន អញ្ជើញពុទ្ធាភិសេក «ព្រះវិស្ណុគង់​លើ​ស្ដេចគ្រុឌ» និងបួងសួងសុំសេចក្តីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ

0

សៀមរាប សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះបដិមា «ព្រះវិស្ណុគង់​លើ​ស្ដេចគ្រុឌ» ស្ថិតនៅរង្វង់មូល​មុខ​វិទ្យាល័យសម្តេចឪ ឬរង្វង់មូលអតីតព្រលានយន្តហោះអន្តរជាតិសៀមរាប និងបួងសួងសុំសេចក្តីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ នាព្រឹកថ្ងៃអង្គារ៍ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ នៅក្នុងពិធីនេះផងដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ហ៊ុន ស៊ីណាត, លោកជំទាវ ហង់ ភារី អ៊ឹម សិទ្ធី, លោកជំទាវ ឆាយ ស៊ីណា ជីវ កេង, ឯកឧត្តម ប្រាក់ សោភណ្ឌ និងលោកជំទាវ, ឯកឧត្តម មាន ចាន់យ៉ាដា, លោកអ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា គៀន ស្រីនៀង, លោកជំទាវ នេត្រ ភូម៉ារី, លោកជំទាវ អ៊ឹង មុយគាង,  ព្រមទាំង លោកជំទាវភរិយាថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ។
គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ   រដ្ឋបាលខេត្តឧត្ដរមានជ័យ និង ​រដ្ឋ​បាលខេត្តសៀមរាប បានសហការគ្នារៀបចំពិធីមង្គលបួងសួងសុំយាង «ព្រះវិស្ណុគង់​លើ​ស្ដេចគ្រុឌ» ដង្ហែចេញពីទឹកដីខេត្តឧត្ដរមានជ័យ មកកាន់ទីតាំងដើមនេះវិញ ។ «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» មិនត្រឹមតែជារូបសំណាកសក្ការៈនោះទេ ប៉ុន្តែគឺជាដួង​ព្រលឹង​​ដែលនាំ​មកនូវសេចក្តីសុខសន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជារាស្ត្រខ្មែរ។ រូបសំណាកនេះ ត្រូវបានដកចេញ និងជំនួសរូបសំណាក​ព្រះបាទ​ជ័យ​វរ្ម័នទី៧ នៅអំឡុងឆ្នាំ២០១០ ឬ២០១១ ដោយរូបសំណាកនេះត្រូវបានយកទៅដាក់នៅក្បែរ​រង្វង់​មូលរដ្ឋបាល​ខេត្តឧត្តរមានជ័យ។
យោងតាមឯកសារនានា បានរៀបរាប់នូវដំណើររឿងព្រះវិស្ណុ ឬព្រះនារាយណ៍ គង់ប្រថាប់​គង់លើ ស្ដេចគ្រុឌជាយានជំនិះ គឺមានប្រវត្តិទាក់ទងនឹងការសន្យា និងការគោរពចំពោះ​ឫទ្ធា​នុភាព​របស់គ្នាទៅវិញទៅមក ក្នុងទេវកថាព្រហ្មញ្ញសាសនា។ ចំណែកឯនៅក្នុងវប្បធម៌ និងសិល្បៈខ្មែរយើង ទម្រង់ “ព្រះនារាយណ៍គង់លើគ្រុឌ” គឺជាតំណាងដ៏មានឥទ្ធិពលបំផុតមួយ ចាប់តាំងពីសម័យមុនអង្គរ អង្គរ រហូតមកដល់បច្ចុប្បន្ន ចំណែកឯក្នុង សិល្បៈចម្លាក់ យើងតែងសង្កេតឃើញរូបចម្លាក់នេះនៅលើហោជាង ផ្តែរ ឬតាមជ្រុងនៃប្រាសាទបុរាណនានា (ដូចជានៅប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី និងប្រាសាទព្រះខ័នជាដើម)។ គ្រុឌច្រើនតែបង្ហាញខ្លួនក្នុងទម្រង់ឈរយ៉ាងរឹងមាំ ដៃទាំងពីរលើកត្រកង ឬទ្រព្រះបាទរបស់ព្រះនារាយណ៍ ដែលកំពុងឈរ ឬគង់ភ្នែនពីលើ ដៃកាន់អាវុធទិព្វ ។ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បានបួងសួង​ថ្វាយព្រះពរ​ជ័យ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​សូម​គោរព​ជូនពរ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ សេចក្តី​ចម្រើន​គ្រប់​ក្រុម​គ្រួសារ ។ ជាពិសេស សូបឲ្យប្រទេសជាតិ ជៀសផុតនូវជំងឺ​ឧបទ្រពចង្រៃ​ គ្រោះធម្មជាតិ​នានា សម្បូរណ៍នូវទេសចរណ៍ មានសេដ្ឋកិច្ចរីកចម្រើន សូមប្រសិទ្ធិ​ពរជ័យ​ដល់​កងកម្លាំងប្រដាប់អាវុធជួរមុខ និង​នាំមក​នូវ​សេចក្តីសុខ សេចក្តីចម្រើន​ជូន​ប្រទេសជាតិ៕