ឯកឧត្តម នួន ផារ័ត្ន អញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារជូនមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ បម្រើការងារចំណុះឱ្យរដ្ឋបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ

0

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស មេដាយការងារជូនដល់បងប្អូនមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ដែលកំពុងបម្រើការងារចំណុះឱ្យរដ្ឋបាលក្រុងស្ទឹងសែន សាលាខេត្តកំពង់ធំ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ។

នាឱកាសនោះ លោក ឡង គីសឹង អភិបាលក្រុងស្ទឹងសែន បានឡើងអានរបាយការណ៍ ដោយបានលើកឡើងពីកិច្ចខំប្រឹងប្រែងរបស់មន្ត្រីរាជការ ដែលខិតខំប្រឹងប្រែង បំពេញភារកិច្ច អនុវត្តការងារ នាពេលកន្លងមក។ លោកបានជម្រាបថា គ្រឿងឥស្សរិយយសដែលបានផ្តល់ជូននាពេលនោះ រួមមាន មេដាយសំរិទ្ធ ចំនួន១៧៥គ្រឿង ជូនដល់មន្ត្រី ក្នុងនោះមន្ត្រីរាជការរដ្ឋបាលក្រុង ចំនួន៤២គ្រឿង លោកគ្រូ អ្នកគ្រូ ចំនួន១៣៣គ្រឿង ។

ថ្លែងជូនអង្គពិធី ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានសម្តែងនូវការកោតសរសើរដល់បងប្អូនមន្ត្រីរាជការ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានយកអស់ពីកម្លាំងកាយ កម្លាំងចិត្ត ខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមគ្នាអភិវឌ្ឍន៍ខេត្តកំពង់ធំជាពិសេសទីក្រុងស្ទឹងសែន ទទួលបានការរីកចម្រើន លេចចេញនូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់។

លើសពីនេះទៀត ឯកឧត្តមអភិបាលខេត្តបានក្រើនរំលឹក និងលើកទឹកចិត្តដល់បងប្អូនមន្ត្រីរាជការ ខិតខំរៀនសូត្រ ពង្រឹងសមត្ថភាពជាបន្តបន្ទាប់ ជាពិសេសក្នុងនាមរដ្ឋបាលក្រុងស្ទឹងសែន ដែលជារដ្ឋបាលស្នូលរបស់ខេត្ត ដោយត្រូវស្វែងយល់ពីចក្ខុវិស័យអភិវឌ្ឍរបស់រាជរដ្ឋាភិបាល របស់រដ្ឋបាលខេត្ត ដើម្បីរួមគ្នាអភិវឌ្ឍខេត្តកំពង់ធំឱ្យកាន់រីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះ បងប្អូនមន្ត្រីត្រូវមានស្មារតីការងារជាក្រុម គោរពវិន័យការងារ និងខិតខំសិក្សាស្វែងយល់នូវចំណេះដឹងថ្មីៗបន្ថែមទៀត។ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ