(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ និងជាប្រធានក្រុមការងារចុះជួយឃុំក្តីដូង និងឯកឧត្តម ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយ និងថវិកាមួយចំនួន ទៅប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន៩គ្រួសារ ស្ថិតនៅភូមិស្លែង និងភូមិអូរសំបួរ ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។
លោកជំទាវ លំ គន្ធារី បានលើកឡើងថាក្នុងនាម ប្រធានក្រុមការងារចុះជួយឃុំក្តីដូង តែងតែផ្សារភ្ជាប់ពីសុខទុក្ខ និងជីវភាពរស់នៅជាមួយបងប្អូននៅគ្រប់ទីកន្លែង ដោយបានជួយដោះស្រាយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជួយសម្រាលនូវការលំបាកខ្វះខាតជូនដល់ក្រុមគ្រួសារនៅតាមមូលដ្ឋាននានា នៅក្នុងខេត្តកំពង់ធំ ។ ជាមួយនោះដែរ ក៏បានស្រាវជ្រាវរកក្រុមគ្រួសារដែលមានជីវភាពលំបាកខ្វះខាត ដើម្បីឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារៈផ្សេងៗ និងថវិកាមួយចំនួនក្នុងការជួយពួកគាត់ឱ្យបានទាន់ពេលវេលា។
លោកជំទាវ លំ គន្ធារី ប្រធានក្រុមការងារចុះជួយឃុំក្តីដូងបានបន្តទៀតថា ដោយអនុវត្តតាមការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ត្រូវយកចិត្តទុកដាក់ជួយដោះស្រាយការលំបាកខ្វះខាតជូនក្រុមគ្រួសារដែលជួបបញ្ហាឱ្យបានល្អប្រសើរ។ ជាក់ស្ដែងនៅថ្ងៃនេះ លោកជំទាវ និងឯកឧត្តម បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ក្នុងការលើកទឹកចិត្ត និងជួយសម្រួលការលំបាកបានមួយកម្រិតផងដែរ។
សូមបញ្ជាក់ផងដែរថា អំណោយដែលត្រូវប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន៩គ្រួសាររួមមាន÷ ស្បៀងអាហារ សម្ភារៈប្រើប្រាស់(មុង ភួយ ក្រម៉ាសារុង) និងថវិកាមួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពលំបាក ចាស់ជរា មានជំងឺផងដែរ។ អត្ថបទលោក ធូ កែវម្មុន្នី

































