ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត និងឯកឧត្តម នួន ផារ័ត្ន អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៦

0

(កំពង់ធំ)÷ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមនួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំំពង់ធំ
បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត
កាលព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០២៥ ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអានរបាយការណ៍ បូកសរុបលទ្ធផលការងារ ដែលអង្គភាពសម្រេចបាន ក្នុងរយៈពេល ០១ឆ្នាំ កន្លងមក ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលរយៈពេលកន្លងមក បងប្អូនយកអស់កម្លាំងកាយចិត្ត ខិតខំប្រឹងប្រែង អនុវត្តតួនាទីភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន អនុវត្តសម្រេចបានលទ្ធផលជាបន្តបន្ទាប់ ធានាថែរក្សាបានសន្តិសុខ
សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនសង្គមជាតិ និងប្រជាពលរដ្ឋ។

ក្នុងពិធីនោះ ឯកឧត្តម អភិបាលខេត្ត បានដាក់ចេញនូវទិសដៅ ៤ ចំណុច ដល់កងកម្លាំងអនុវត្តបន្ត រួមមាន ៖
១.សូមឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវពង្រឹង
លើការគ្រប់គ្រងប្រជាជន ចំណូលស្រុក ក្នុងភូមិសាស្រ្តរបស់ខ្លួន ឱ្យបានច្បាស់លាស់ បង្កើនការល្បាតជាប្រចាំ
តាមដានសភាពការណ៏ ថ្មីៗ និងត្រួតពិនិត្យការបង្ហោះដ្រូនផងដែរ បើមានករណីសង្ស័យត្រូវរាយការណ៍ មកសមត្ថកិច្ចជំនាញ ដើម្បីចាត់វិធានការ បង្ក្រាបបានទាន់ពេលវេលា ។

២.បង្កើនការយកចិត្តទុកដាក់ ការងារបង្ក្រាបបទល្មើសល្បែងគ្រប់ប្រភេទ ជាពិសេស ករណីបទល្មើស SCAM ONLINE (ស្កែមអនឡាញ) ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ មិនត្រូវអនុញ្ញាតឱ្យមានវត្តមាន ក្នុងខេត្តកំពង់ធំ យើងឡើយ ។

៣-ការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងគ្រោះផ្សេងៗ យើងត្រូវមានវិធានការជាក់លាក់ សំដៅ បង្ការ ទប់ស្កាត់ កាត់បន្ថយឱ្យនៅទាបបំផុត នាពេលខាងមុខ(.បញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក,.បញ្ហាគ្រោះថ្នាក់ដោយសារការលង់ទឹក នៅរដូវវស្សា,.ករណីក្មេងទំនើង មួយរយៈនេះ មានការថយចុះគួរឱ្យកត់សម្គាល់,.បញ្ហាជនអនាថា ត្រូវសហការជាមួយមន្ទីរសង្គមកិច្ច,.ករណីបទល្មើសគ្រឿងញៀន) ។

៤-ចំពោះការងារផ្ដល់សេវាសាធារណៈ .ការធ្វើអត្តសញ្ញាណប័ណ្ណ .ការធ្វើសៀវភៅគ្រួសារ .សៀវភៅស្នាក់នៅ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរង បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលរយៈពេលកន្លងមក បងប្អូនមានស្នាដៃ គុណបំណាច់ ពលិកម្ម លះបង់កម្លាំងកាយ កម្លាំងចិត្ត សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងបេសកកម្ម ការពារ ថែរក្សា សន្តិសុខ  សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសប្រទេសជាតិ ប្រារព្វពិធីសំខាន់ៗ ធានាបានសុខសុវត្ថិភាពល្អប្រសើរ គួរជាទីមោទនៈ ។

ដើម្បីធានាបាននូវសន្តិភាព នាពេលបច្ចុប្បន្ន និងអនាគត ឯកឧត្តម បានមានប្រសាសន៍ បូកសរុប ផ្ដាំផ្ញើ÷

ទី១-ត្រូវការពារខឿនសន្តិសុខជាតិ ដោយត្រូវផ្អែកលើផែនការយុត្តិសាស្រ្តច្បាស់លាស់
ទី២-ត្រូវជម្រុញ ក្នុងការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ទី៣-ការបង្រ្កាបក្មេងទំនើង ត្រូវមានវិធានការបង្រ្កាបឱ្យបានច្បាស់លាស់ ដោយមិនត្រូវបណ្តោយក្រុមនេះ
បង្កភាពអាណាធិបតេយ្យ ការអុកឡុកដល់សហគមន៍ របស់យើងឡើយ ទី៤-សូមឱ្យកម្លាំងរបស់យើង ត្រូវមានការសាមគ្គីគ្នា ជាធ្លុងមួយ ដើម្បីបម្រើអង្គភាពរបស់យើងឱ្យកាន់រីកចម្រើន ទី៥-ត្រូវយកចិត្តទុកដាក់ លើជនភៀសសឹក ទី៦-ចំពោះបញ្ហាដ្រូន បន្ទាប់ពីមានសារាចរណ៍ណែនាំ អំពីការប្រើប្រាស់ ក្នុងភូមិសាស្រ្តខេត្ត ត្រូវបន្តតាមដានមុខសញ្ញាណាដែលតែតែងបង្ហោះ ត្រូវបង្រ្កាបឱ្យបានទាន់ពេលវេលា ដើម្បីធានា ដល់សន្តិសុខសង្គម របស់យើង ។

ចុងក្រោយ ឯកឧត្តម អគ្គស្នងការរង បានឧបត្ថម្ភ ÷ .ថវិកាចំនួន ៥,០០០,០០០រៀល , .ប្រេងឥន្ទនៈចំនួន ៥០០លីត្រ, .ឧបករណ៍សម្រាប់តេស្តគ្រឿងញៀន
ចំនួន ៣០០ដើម ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ៕