(កំពង់ធំ)៖ លោក វណ្ណៈ សោភានិត អភិបាល នៃគណៈអភិបាលស្រុកប្រសាទបល្ល័ង្ក បាននាំយកអំណោយកញ្ចប់ Panda ឆ្នាំ២០២៥ រវាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្រ្តី តាមរយៈឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានការចូលរួមពីសំណាក់មន្រ្តីរាជការ កង
កម្លាំង អាជ្ញាធរមូលដ្ឋានឃុំ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ នៅក្នុងសាលាបឋមសិក្សាក្រយា ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
អំណោយកញ្ចប់ Panda ឆ្នាំ២០២៥ រួមមាន កាតាប Panda ចំនួន3,630កញ្ចប់ នៅសាលាគោលដៅចំនួន ១៩សាលាក្នុងស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។
លោកអភិបាលស្រុក ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានចំណងមិត្តភាពរវាងកម្ពុជា និងសម្ព័ន្ធមិត្តចិន ដែលបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងជាពិសេសបានផ្សារភ្ជាប់បេះដូងរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពី។ លោកបានបញ្ជាក់ប្រទេសកម្ពុជាបានទទួលជំនួយពីប្រទេសចិនជាច្រើនក្នុងការបន្តជួយអភិវឌ្ឍសង្គមស៊ីវិលកម្ពុជា ដើម្បីគាំទ្រដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា នឹងមកចូលរួមលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា និងកាត់បន្ថយភាពក្រីក្រ។
លោកអភិបាលស្រុកសង្ឃឹមថា សិស្សានុសិស្សដែលទទួលបានអំណោយកញ្ចប់ Panda នេះ នឹងខិតខំរៀនសូត្រ ដើម្បីរួមចំណែកកសាងប្រទេសកម្ពុជា និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ លោកអភិបាលស្រុក មានប្រសាសន៍បន្តថា អំណោយដ៏ថ្លៃថ្លានេះឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព និងស្មារតីមនុស្សធម៌ ពិសេសសមានចិត្តស្រឡាញ់រាប់អាន ខ្វល់ខ្វាយ និងជួយទំនុកបម្រុងពីសំណាក់ប្រជាជន និងរដ្ឋាភិបាលចិន ចំពោះប្រទេសនិងប្រជាជនកម្ពុជា។
ម្យ៉ាងទៀតក៏ឆ្លុះបញ្ចាំងពីការអភិវឌ្ឍនៃទំនាក់ទំនង និងផ្សារភ្ជាប់បេះដូងរវាងប្រជាជននិងប្រជាជន យុវជនដែលជាទំពាំងស្នងឫស្សី ហើយនឹងជ្រោងទង់នៃមិត្តភាពកម្ពុជា-ចិន ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍ ការកសាងជាតិ ការការពារជាតិ និងទំនើបកម្មរវាងប្រទេសទាំងពីរ។ លោក បានបន្តទៀតថា អំណោយកញ្ចប់ Panda ឆ្នាំ២០២៥ នេះ មិនមែនមានអត្ថន័យត្រឹមតែជាសម្ភារៈសិក្សា និងមធ្យោបាយធ្វើដំណើរទៅសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរួមចំណែកមួយក្នុងការកសាងមូលធនមនុស្ស ដែលត្រូវចំណាយពេលយូរអង្វែង ជាកត្តាកំណត់អនាគតប្រទេសជាតិក្នុងរយៈពេលវែង។
លោកបានបន្ថែមទៀតថា វឌ្ឍនភាព វិបុលភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបានគួរជាទីមោទនៈមកដល់ពេលនេះ គឺមិនអាចកាត់ផ្តាច់បានឡើយពីតួនាទីរបស់មិត្តចិន ហើយកម្ពុជានៅតែ ត្រូវការមិត្តចិន នៅក្នុងកាលៈទេសៈបច្ចុប្បន្នក៏ដូចជាទៅអនាគត។ ចំណងមិត្តភាពរវាងកម្ពុជា-ចិន ដែលបានឆ្លងកាត់ការសាកល្បងជាបន្តបន្ទាប់ នៅបន្តរឹងមាំជាលំដាប់ ហើយជឿជាក់ថានឹងសម្រេចបាន សមិទ្ធផលជាផ្លែផ្កាឥតឈប់ឈរ ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជន និងប្រទេសទាំងពីរ និងតំបន់ផងដែរ។
ប្រជាជនកម្ពុជាមានជំនឿយ៉ាងមុតមាំថា មិត្តចិននឹងបន្តផ្តល់ការគាំទ្រ និងរួមចំណែកនៅក្នុងមាគ៌ានៃដំណើរអភិវឌ្ឍដ៏វែងឆ្ងាយរបស់កម្ពុជា ក៏ដូចជាដើម្បីបន្ថែមសន្ទុះថ្មីទៀតដល់ការកសាង សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ដោយផ្តោតលើការអភិវឌ្ឍប្រកបដោយភាពបើកចំហ ផលប្រយោជន៍រួមគ្នា និងចីរភាព ដោយយកប្រជាជនជាអាទិភាពស្នូល។
លោកបានបន្តថា ទោះបីជាស្ថានភាពមិនទាន់មានភាពល្អប្រសើរយ៉ាងណាក្តី តែការរួមចំណែករបស់ចិនក្នុងការជំរុញឱ្យមានការឈប់បាញ់ និងសន្តិភាពពិតប្រាកដនិងយូរអង្វែង គឺជាគុណតម្លៃដ៏ថ្លៃថ្លាសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ជាពិសេសសម្រាប់ឱ្យប្រជាពលរដ្ឋរាប់សែននាក់ រួមទាំង ស្រ្តី កុមារ ជនចាស់ជរា ដែលត្រូវរត់ចោលផ្ទះសម្បែង និងសាលារៀន និងកំពុងជ្រកនៅក្នុងជំរំជនភៀសសឹកតាមបណ្តាខេត្តជាប់ព្រំដែន ត្រឡប់មកនៅផ្ទះសម្បែង និងចូលសាលារៀនរៀងៗខ្លួនឡើងវិញ។






































