កំពង់ធំ÷ ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង បានលើកទឹកចិត្តយុវជន និងសមាជិកសមាជិកាត្រូវបង្កើនសមត្ថភាព ឱ្យស្របតាម យុគសម័យ ឌីជីថលនិងវិទ្យាសាស្ត្រថ្មីៗ: លោក សាយ គឹមឡម បានលើកទឹកចិត្តដូច្នេះក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ របាយការណ៍ស្ដីពីស្ថាន
ការណ៍ទូទៅការងារគណបក្សឆ្នាំ ២០២៥ និងទិសដៅបន្ត ឆ្នាំ២០២៦នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។
ជាមួយគ្នានេះលោកបានលើកទឹកចិត្តដល់សមាជិកសមាជិកានិងយុវជនគ្រប់រូបត្រូវស្វែងយល់និងអនុវត្តតាមគោលនយោបាយ សហលក្ខន្តិកគណបក្ស ឱ្យបានច្បាស់លាស់ និងខ្ជាប់ខ្ជួនបំផុត ដើម្បីក្លាយខ្លួនជាសសរទ្រូងដ៏រឹងមាំរបស់គណបក្សគ្រប់កាលៈទេសៈ និងឈ្នះគ្រប់សមរភូមិបោះឆ្នោត។
លើសពីនេះត្រូវបង្កើនស្មារតីជាតិនិយមឱ្យបានខ្ពស់បំផុត ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់នូវបច្ចេកវិទ្យាវិទ្យាសាស្រ្តថ្មីៗ ក្នុងយុគសម័យ digital និងបច្ចេកវិទ្យាai ក្នុងបរិបទសាកលភាវូបណីយកម្ម និង ក្នុងស្ថានភាពដែលពិភពលោកបាត់សណ្ដាប់ធ្នាប់ គឺអ្នកខ្លាំងឈ្នះ។
ទន្ទឹមនឹងនេះគ្រប់អនុសាខាសាខាបក្ស ត្រូវខិតខំកៀរគរ ប្រមូលនៅចលនាមហាជន មូលធនមនុស្សនិងកសាងសមាជិកសមាជិកាថ្មីៗបន្ថែមទៀតឱ្យបានដូចភ្លៀងរលឹម ដើម្បីភាពខ្លាំងរបស់គណបក្សនិងឈានទៅការឈ្នះឆ្នោតគ្រប់រដូវការបោះឆ្នោត ។
ក្នុងឱកាសដ៏វិសេសវិសាលនេះលោកសាយ គឹមឡម បានណែនាំដល់ អាជ្ញាធរមូលដ្ឋានត្រូវអនុវត្តតួនាទីភារកិច្ច របស់ខ្លួនប្រកបដោយការទទួលខុសត្រូវ ឆាប់រហ័ស មានប្រសិទ្ធភាព ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយ ឬបក្សពួកនិយមឡើយ ត្រូវឈរស្មារតីជាតិនិយម សាមគ្គីភាព ក្នុងនាមឈាមជ័រខ្មែរតែមួយ។
សូមបញ្ជាក់ថា ក្នុងពិធីនេះក៏មានការប្រកាសតែងតាំង លោក ហូ ហុង ជាសមាជិក នៃគណៈកម្មាធិការគណបក្សស្រុកស្ទោង លោក ប៉ិច សុប៉ា ជាសមាជិក នៃគណៈកម្មាធិការគណបក្សឃុំព្រះដំរី លោក ឈុំ ឆៃ ជាសមាជិកនៃគណៈកម្មាធិការគណបក្សឃុំបន្ទាយស្ទោង លោកស្រី ឡៃ ល័ក្ខ ជាសមាជិក នៃគណៈកម្មាធិការគណបក្សឃុំចំណាលើផងដែរ។








































