ប្រគល់ប្រាក់រង្វាន់ មេដៃពានបានផ្ដល់ទៅដល់កីឡាករដែលដណ្ដើមបានជ័យលាភីក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត សម្រាប់ឆ្នាំ២០២៦

0

បន្ទាយមានជ័យ៖ប្រគល់ប្រាក់រង្វាន់ មេដៃពានបានផ្ដល់ទៅដល់កីឡាករដែលដណ្ដើមបានជ័យលាភីក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត សម្រាប់ឆ្នាំ២០២៦ នារសៀលថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦។
លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រគល់ ក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត សម្រាប់ឆ្នាំ២០២៦ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្រុងសិរីសោភ័ណ ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរាយការណ៍ឲ្យដឹងថា៖ ថ្ងៃនេះគឺជាថ្ងៃបញ្ចប់នៃការប្រកួតសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត សម្រាប់ឆ្នាំ២០២៥.២០២៦ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៥.១៨ ខែឧសភា ឆ្នាំ២០២៦នាពេលនេះ ហើយត្រូវបានរៀបចំឡើងដោយមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ថា៖ ការប្រកួតកីឡានេះគឺមាន ៩ប្រភេទ បាល់ទាត់បាល់ទះ នឹងបាល់បោះ រត់ល្បឿន រត់ចម្ងាយ ចោលដុំដែក លោតកម្ពស់ លោតចម្ងាយ ដើរចម្ងាយក្រោយពីធ្វើការប្រកួតចម្រាញ់យើងជ្រើសបានកីឡាករពីក្រុមដណ្ដើមជ័យលាភី បាល់ទាត់នារី លេខ១ បានទៅលើស្រុកម៉ាឡៃ,លេខ២ បានទៅលើស្រុកភ្នំស្រុក,និងលេខ៣ ក្រុងសិរីសោភ័ណ។ បាល់ទាត់បុរស លេខ១ បានទៅលើក្រុងប៉ោយប៉ែត,លេខ២ បានទៅលើស្រុកព្រះនេតព្រះ,និងលេខ៣ បានទៅលើស្រុកមង្គលបូរី។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្រុមកីឡាករ កីឡាការិនី ទាំងអស់ និងគណ:កម្មការរៀបចំការប្រកួត ដែលបានខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ កម្លាំងចិត្ត និងបច្ចេកទេស ដើម្បីប្រកួតយកក្រុមកីឡាដែលទទួលបានជ័យលាភី តាមប្រភេទវិញ្ញាសានីមួយៗ។

លោក អភិបាលរងខេត្ត បានបញ្ជាក់ថា៖ វិស័យកីឡាមិនគ្រាន់តែដើម្បីសុខភាពប៉ុណ្ណោះទេ ពិសេសក្មួយៗ ដែលកំពុងសិក្សា ដែលមានការនឿយហត់ក្នុងការរៀនសូត្រប្រើខួរក្បាល ការគិតច្រើន មកជាការប្រើរាងកាយ ដៃជើង ឱ្យមានភាពរហ័សរហួន រឹងមាំ វៃឆ្លាត ក្លាហាន បង្កើនភាពរីករាយក្នុងការជួបជុំគ្នា ដើម្បីភាពជោគជ័យសម្រាប់ការសិក្សាយូរអង្វែងផងដែរ។ បច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំដ៏ឆ្នើម បាននឹងកំពុងយកចិត្តទុកដាក់ លើកទឹកចិត្ត ដល់វិស័យកីឡាយ៉ាងខ្លាំង ដើម្បីត្រៀមការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៨ និងត្រៀមការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ នៅឆ្នាំ២០៣១ នៅកម្ពុជា។

ក្នុងឱកាសបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត សម្រាប់ឆ្នាំ២០២៦ គណៈអធិបតីយើងក៏បានប្រគល់ប្រាក់រង្វាន់និងបំពាក់មេដៃផ្ដល់ពានទៅដល់កីឡាករដែលដណ្ដើមបានជ័យលាភីលេខ១ លេខ២ និងលេខ៣ ដោយមេដៃមាស មេដៃប្រាក់ និងមេដៃសម្រិត ហើយក៏បានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕ដោយ៖ឃិន គន្ធា